Tuesday 18 September 2012

ផ្កាស្បៃរឿង


ផ្កាស្បៃរឿង
ផ្កាស្បៃរឿងជាប្រភេទផ្កាដែលប្រជាជនខ្មែរយើងស្គាល់យ៉ាងច្បាស់ណាស់ ដោយសារងាយស្រួលដាំ ធំលូតលាស់លឿន ធន់នឹងអាកាសធាតុ មាន ពណ៌ស្រស់ឆើតឆាយទាក់ទាក់ភ្នែក។ ផ្កាមានលក្ខណះមូល ត្របករៀងគ្នា មានរបៀបរៀបរយ ត្របកមានសភាពជាប់ណែនទៅនឹងទង មិនងាយជ្រុះ រយះពេលដែលអាចប្រើប្រាស់បានយូរចាប់ពី ៧ ទៅ ១០ ថ្ងៃ។​ ក្រៅពីនេះ ផ្កាស្បៃរឿងជាប្រភេទរុក្ខជាតិ ដែលមានអាយុក្នុងការប្រមូលផ បានរយះ ពេលខ្លីចាប់ពី ៦០ ទៅ ៧០ ថ្ងៃ ក៏អាចកាត់លក់បាន។ ម្យ៉ាងទៀតផ្កា ស្បៃរឿងគឺជាប្រភេទរុក្ខជាតិដែលអាចដុះបានគ្រប់ប្រភេទដី និងគ្រប់រដូវ កាល ហើយជាប្រភេទរុក្ខជាតិយកផ្កាអាចជួយរកប្រាក់ ចំណូលខ្ពស់ដល់ អ្នកដាំ។ បច្ចុប្បន្នការដាំដើមផ្កាស្បៃរឿង ក្រៅពីការដាំដើម្បីកាត់យកផ្កាលក់ហើយ អាចដាំក្នុងថូផ្កា ឬថង់ប្លាស្ទិកដើម្បី លំអតាមផ្ទះ អាគារ និងទីកន្លែងផ្សេងៗ រួមទាំងមានការដាំដើម្បីយកគ្រាប់លក់ឱ្យ រោងចក្រផលិតអាហារ សត្វទៀតផង។


លក្ខណះទូទៅរបស់ផ្កាស្បៃរឿង

ផ្កាស្បៃរឿង (Marigold) មានដើមរឹងមាំ មានកំពស់ចាប់ពី 0.4-1ម៉ែត្រ ស្លឹកមានរៀវវែងហើយឆែក។ 
ចំណែកឯ ផ្កាវិញមានរាងមូល ក្នុងផ្កា១​ទងមានផ្កាតូចៗ ជាច្រើននៅក្នុងនោះទៀតរួមគ្នាយ៉ាងណែន នៅក្នុងទងតែមួយ។ ភាគច្រើនគេប្រទះឃើញផ្កាស្បៃរឿងមានពណ៌លឿង និងទឹកក្រូច ប៉ុន្តែដោយ សារតែការបង្កាត់ពូជ និងតម្រូវ ការទៅតាមការចូលចិត្តរបស់អតិថិជនគេឃើញមានពណ៌ស ពណ៌គ្រីម និងពណ៌ផ្សេងៗ ទៀត។ នៅពេល ដែលគេកាត់ដើម មែក ឬស្លឹករបស់ផ្កាស្បៃរឿងនឹងមានក្លិនឈួល ស្អុយ ទើបធ្វើឱ្យសត្វល្អិតមិនហ៊ានមក រំខាន ហើយនៅក្នុងឬសរបស់ផ្កាស្បៃរឿងមានសារធាតុម្យ៉ាង ដែលជា សារធាតុអាចគ្រប់គ្រងបរិមាណជន្លេន ជ្រោយដីបានយ៉ាងល្អ។