Saturday 30 June 2012

ផ្កាប្រចាំជាតិអាស៊ាន

ស្វែងយល់ពីផ្កាប្រចាំជាតិរបស់បណ្ដាប្រទេសដែលស្ថិតនៅក្នុងសមាគមប្រជាជាតិអាស៊ាន។ ចង់ដឹងថា ប្រទេសនីមួយៗមានផ្កាប្រចាំជាតិឈ្មោះអ្វីស្រស់ស្អាតបែបណា ហើយផ្កានីមួយៗ មានអត្ថន័យយ៉ាងណាខ្លះនោះ សូមអញ្ជើញតាមដានអត្ថបទខាងក្រោមទាំងអស់គ្នា‌‍!
ប្រទេសប៊ុយណេ

Simpor

ផ្កា «ស៊ីម-ភ» (Dillenia Suffruticosa) ជាប្រភេទផ្ការបស់ឈើម្យ៉ាងដែលមានស្លឹកធំៗ។ ផ្កានេះមាន ពណ៌លឿងឆ្អិនឆ្អៅ។ គេអាចឃើញរូបផ្កានេះនៅលើក្រដាសប្រាក់១ដុល្លាររបស់ប្រ៊ុយណេ និងវត្ថុ សិល្បៈផ្សេងៗ ដែលរចនាដោយវិចិត្រករប្រ៊ុយណេផងដែរ។


ប្រទេសកម្ពុជា
ផ្ការំដួល
«ផ្ការំដួល» (Mitrella Mesnyi) ជាផ្កាខ្លួនតូចពណ៌លឿងស្រាល មានសន្លឹកតែមួយជាន់ប៉ុណ្ណោះ។ ផ្កានេះមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច។ ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួល ថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ ដើមរំដួលមានកម្ពស់ ពី៨ទៅ១២ម៉ែត្រ ហើយអាចរកមើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។



ប្រទេសឥណ្ឌូនេស៊ី

Moon Orchid

«ផ្កាអ័រគីដេព្រះចន្ទ» ឬជាភាសាឥណ្ឌូនេស៊ីហៅថា Angrek bulan (PhalaenopsisAmabilis) គឺជា ផ្កាប្រចាំជាតិមួយក្នុងចំណោមផ្កាប្រចាំជាតិទាំង៣របស់ឥណ្ឌូនេស៊ី។ ផ្កាអ័រគីដេព្រះចន្ទគឺជាពូជ ផ្កាអ័រគីដេដែលរីកបានយូរបំផុត។ ជាធម្មតា ផ្កានេះរីកពី២ខែ ទៅ៦ខែ ហើយក្រោយមកក៏រោយ ទៅវិញ។ ដោយសារតែវាដាំដុះបានល្អនៅក្នុងបរិយាកាសដែលមានសំណើម ទើបគេឃើញផ្កានេះ នៅតំបន់ភាគខាងក្រោមរបស់ឥណ្ឌូនេស៊ីច្រើនជាងតំបន់ផ្សេងទៀត។

 
ប្រទេសលាវ
ផ្កាចំប៉ី
«ផ្កាចំប៉ី» (Plumeria) នៅប្រទេសឡាវ គេហៅផ្កានេះថាផ្កាចំប៉ា។ ផ្កានេះមិនត្រឹមតែជាផ្កាប្រចាំ ជាតិនោះទេ វាក៏ជារូបតំណាងរបស់ប្រទេសលាវផងដែរ។ ផ្កាចំប៉ាមានក្លិនក្រអូប និងមានច្រើន ពណ៌ដូចជា ពណ៌ក្រហមពណ៌លឿង ពណ៌ផ្កាឈូក និងពណ៌ផ្សេងទៀត។ សម្រាប់ប្រជាជនឡាវ ផ្កានេះតំណាងឱ្យភាពស្មោះត្រង់ និងសេចក្ដីរីករាយសម្បូរសប្បាយនៅក្នុងជីវិតរបស់ពួកគេ។ គេ ច្រើនយកផ្កានេះទៅតុបតែងក្នុងពិធីផ្សេងៗឬក៏យកវាទៅបិទភ្ជាប់នឹងកន្លាស់អាវជូនដល់ភ្ញៀវក្នុងពិធី។

ប្រទេសម៉ាឡេស៊ី
ផ្ការំយោល
«ផ្ការំយោល» (Hibiscus Rosa-Sinensis) ក្លាយជាផ្កាប្រចាំជាតិរបស់ប្រទេសម៉ាឡេស៊ីនៅឆ្នាំ ១៩៦០។ ត្របកទាំងប្រាំរបស់ផ្កានេះ ត្រូវបានគេប្រដូចទៅនឹងទស្សនវិទ្យារបស់ប្រទេសម៉ាឡេស៊ី ដែលចង់ពង្រឹងសាមគ្គីភាពជាតិរបស់ខ្លួន។ ផ្ការំយោលនេះអាចរកស្ទើរតែនៅគ្រប់កន្លែងនៅទូទាំង ប្រទេសម៉ាឡេស៊ី។


ប្រទេសភូមា
ផ្កាផាឌឹក
«ផ្កាផាឌឹក» (Pterocarpus Indicus) រីកបញ្ចេញក្លិនក្រអូបស្រាល ជាមួយនឹងពណ៌លឿងដូច មាស។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីភ្លៀងកក់ខែនាខែមេសា ផ្កានេះនឹងរីកដើម្បីអបអរពិធីបុណ្យចូលឆ្នាំ របស់ប្រជាជនភូមាផងដែរ។ ផ្កានេះតំណាងឱ្យកម្លាំង ស្ថេរភាព យុវភាព និងសេចក្ដីស្នេហា។ ក្រៅពី មានផ្កាដ៏ស្រស់ស្អាតដើមផាឌឹកក៏អាចយកទៅធ្វើជាគ្រឿងសង្ហារឹមផ្សេងៗផងដែរ។

 
ប្រទេសហ្វីលីពីន
ម្លិះរួត
«ផ្កាម្លិះសាំប៉ាហ្គីតាឬម្លិះរួត» (Arabian Jasmine) ទទួលស្គាល់ជាផ្លូវការថាជាផ្កាប្រចាំជាតិរបស់ ប្រទេសហ្វីលីពីននៅឆ្នាំ១៩៣៤។ ផ្កានេះមានពណ៌ស និងមានរាងដូចជាផ្កាយ។ ផ្កានេះរីកនៅពេល យប់ ចោលក្លិនក្រអូបរហូតធ្វើឱ្យប្រជាជនហ្វីលីពីនជឿថាផ្កានេះជានិមិត្តរូបនៃភាពបរិសុទ្ធ សាមញ្ញ ឥទ្ធិពល និងភាពជាមនុស្ស។គេជឿថា ផ្កាម្លិះសាំប៉ាហ្គីតា ត្រូវបាននាំមកពីតំបន់ភ្នំហិម៉ាល័យ មកដល់ប្រទេសហ្វីលីពីននៅអំឡុងសតវត្សទី១៧នៃគ.ស។


ប្រទេសសឹង្ហបុរី
ផ្កាអ័រគីដេ
«ផ្កាអ័រគីដេ» ដោយចំពោះទៅលើពូជមួយឈ្មោះ Vanda Miss Joaquim។ វាជាពូជបង្កាត់ហើយ ក្រោយមកត្រូវបានគេដាក់ឈ្មោះតាមឈ្មោះអ្នកបង្កាត់វា។ ផ្កាអ័រគីដេ Vanda Miss Joaquim មាន ពណ៌ស្វាយដិត។ អ្វីដែលពិសេសនោះគឺវាអាចរីកបានពេញមួយឆ្នាំឯណោះ‌!ដោយសារតែលក្ខណៈ ពិសេសមិនធ្លាប់មាននេះ ទើបធ្វើឱ្យវាបានជាប់តំណែងជាផ្កាប្រចាំជាតិរបស់ប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៨១។

ប្រទេសថៃ
ផ្កាលឿងរាជ ឬរាជព្រឹក្ស
«ផ្ការាជព្រឹក្សឬលឿងរាជ» (Cassia Fistula Linn) មានពណ៌លឿង ដុះជាចង្កោមទម្លាក់ពីលើ មែករាជព្រឹក្សដ៏ខ្ពស់បង្កើតបានជាទស្សនីយភាពដ៏ប្រណិត។ ដើមផ្កានេះត្រូវបានប្រជាជនថៃនិយម ដាំលំអតាមដងផ្លូវ និងតាមសួនច្បារនានា។  ប្រជាពលរដ្ឋថៃចាត់ទុកពណ៌លឿងរបស់ផ្កានេះជា ពណ៌របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ផ្កានេះរីកជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែកុម្ភៈ ដល់ខែឧសភា។

ប្រទេសវៀតណាម
ផ្កាឈូក
«ផ្កាឈូក» ជាផ្កាប្រចាំជាតិរបស់ប្រទេសវៀតណាម។ ផ្កាឈូកជាផ្កានៃថ្ងៃថ្មី ដែលអាចឃើញបាន ស្ទើរតែនៅគ្រប់ស្រះ ឬស្ទឹងនៅក្នុងប្រទេសវៀតណាម។ សម្រាប់ប្រជាជនវៀតណាម ផ្កាឈូក តំណាងឱ្យភាពបរិសុទ្ធ ការប្ដេជ្ញាចិត្ត និងទស្សនៈសុទិដ្ឋិនិយមសម្រាប់ពេលអនាគត។ ជាញឹកញាប់ គេតែងតែឮបទចម្រៀងឬកំណាព្យអំពីផ្កាឈូក ដែលតាក់តែងឡើងដោយភាពមោទនៈរបស់កវីអ្នក និពន្ធវៀតណាម៕

No comments:

Post a Comment