Saturday 7 July 2012

អាហារប្រចាំប្រជាជាតិអាស៊ាន Asean cuisine

អាហារគឺជាផ្នែកមួយដែលអាចបង្ហាញពីអត្តសញ្ញាណ វប្បធម៌របស់ប្រទេសនីមួយៗ បានយ៉ាង
ច្បាស់។ ក្នុង ដំណើរឆ្ពោះទៅកាន់ប្រជាជាតិអាស៊ានក្នុងឆ្នាំ 2015 យើងទាំងអស់គ្នាដែលរស់នៅក្នុង 
ប្រទេសដែលជា សមាជិកអាស៊ានគួរតែស្វែងយល់អំពីអាហាររបស់ប្រទេសនីមួយៗ ឱ្យបានច្បាស់ 
ព្រោះវា គឺជាចំនុចចាប់ ផ្តើមនៃការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក រួមទាំងវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ការរស់នៅប្រចាំថ្ងៃ ដើម្បីរួបរួមគ្នាអភិវឌ្ឍន៍ប្រជាជាតិទាំងអស់គ្នា។

ប្រទេសប៊្រុយណេ 
អាំប៊ូយ៉ាត់
អាំប៊ូយ៉ាត់ (Ambuyat) ជាអាហារដែលពេញនិយមរបស់ប្រទេសប្រ៊ុយនេ លក្ខណះសំខាន់គឺស្អិត
ខាប់ ស្រដៀងបបរ ឬបាយម៉ាន ដោយមានគ្រឿងផ្សំគឺម្សៅសាគូ។ អាំប៊ូយ៉ាត់មិនមានរសជាតិទេ ប៉ុន្តែ រសជាតិ ដែលឆ្ងាញ់ស្ថិតនៅលើទឹកជ្រលក់រសជាតិជូរ cacah ។ ក្រៅពីនេះនៅមានសាច់អាំងខ្ចប់
ស្លឹកចេក សាច់ចៀន ដែលគេនិយមទទួលទានជាមួយអាំប៊ូយ៉ាត់ ។ 

ប្រទេសកម្ពុជា 
អាម៉ុក

អាម៉ុក (Amok) ជាអាហារដ៏ពេញនិយមរបស់ប្រទេសកម្ពុជា ភាគច្រើនគេនិយមធ្វើពីសាច់ត្រី គ្រឿងគល់ស្លឹកគ្រៃ ម្ទេសប្លោក ខ្ទិះដូង ហើយយកទៅចំហុយឱ្យឆ្អិន តែពេលខ្លះគេអាចប្រើសាច់មាន់ ឬខ្យង។  មូលហេតុដែលគេនិយមធ្វើពីត្រីព្រោះ ប្រជាជនកម្ពុជាចូលចិត្តហូបត្រី ហើយម្យ៉ាងវាងាយ ស្រួលរក ដោយសារកម្ពុជាមានបឹងទន្លេសាបមួយយ៉ាងធំនៅចំកណ្តាលប្រទេស និងសំបូរទៅដោយ មច្ឆាជាតិ។ 


 ប្រទេសឥណ្ឌូនេស៊ី

ហ្គាដូ ហ្គាដូ
ហ្គាដូ ហ្គាដូ (Gado Gado) គឺជាអាហារដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូនេស៊ី ដែលមានបន្លែ និង គ្រាប់ធញ្ញជាតិជាច្រើនប្រភេទដូចជា សណ្តែកបាយ សណ្តែកបណ្តុះ ស្ពៃក្តោប ដំឡូងបារាំង តៅហ៊ូ និងស៊ុតស្ងោរ ទទួលទានជាមួយទឹកជ្រលក់ធ្វើពីសណ្តែកដែលស្រដៀងនឹងទឹកជ្រលក់ស្តេក ឬស្រដៀងនឹងទឹកសាឡាដ។ 

ប្រទេសឡាវ
ស៊ុបមាន់
 ស៊ុបមាន់ (Chicken Soup) គឺជាអាហារមួយប្រភេទដែលពេញនិយមនៅប្រទេសឡាវ ដែលមាន 
គ្រឿងផ្សំ សំខាន់ៗ ដូចជា ស្លឹកគ្រៃ ជី ខ្ទឹម ខ្ទឹមក្រហម រំដេង...។ ភាគច្រើនអាហារឡាវតែងតែមាន គ្រឿងផ្សំ ជាបន្លែ និង គ្រឿងទេសច្រើន។ 

ប្រទេសម៉ាឡេស៊ី 

ណាស៊ី លេម៉ាក
 ណាស៊ី លេម៉ាក  (Nasi Lemak) គឺជាអាហារដ៏ពេញនិយមរបស់ប្រទេសម៉ាឡេស៊ី ដែលមានដូចជាៈ បាយចំហុយជាមួយខ្ទិះដូង និងស្លឹកតើយ ត្រីឆ្មា ឬត្រីចង្វាចៀន ត្រសក់ ស៊ុតស្ងោរ និង សណ្តែកលីង។  កាលពីបុរាណ ណាស៊ីលេម៉ាកខ្ចប់ជាមួយនឹងស្លឹកចេក ហើយនិយមទទួលទាន ជាអាហារពេលព្រឹក ប៉ុន្តែបច្ចុប្បន្ន បានក្លាយមកជាអាហារពេញនិយមដែលទទួលទានបាន គ្រប់ពេល និងពេញនិយមដល់ប្រទេសជិតខាងទៀតដូចជាៈ ស៊ាំងហ្គាពួរ និងភាគខាងត្បូងនៃ ប្រទេសថៃ។

 ប្រទេសភូមា

ឡាផេត

ឡាផេត (Lahpet) ជាអាហារដ៏ពេញនិយមរបស់ប្រទេសភូមាឬមីយ៉ាន់ម៉ា គឺស្លឹកតែប្រឡាក់ទុក ឬត្រាំទទួលទានជាមួយនឹងគ្រឿង អន្លក់ ដូចជា ប្រភេទសណ្តែកផ្សេងៗ ល្ងលីង ខ្ទឹមបំពង បង្គារក្រៀម ខ្ញី ដូងលីងជាដើម។ ឡាផេតជាអាហារដែលមិនអាចខ្វះបាន ជាពិសេសក្នុង ឱកាសសំខាន់ៗ ឬកម្មវិធីផ្សេងៗ គេគិតថាកម្មវិធីជប់លៀង ឬកម្មវិធីពិសេសៗ មិនសប្បាយ ឬរលូននោះទេ ប្រសិនជាគ្មានអាហារ ដ៏ពេញនិយមឡាផេតនោះ។

 ប្រទេសហ្វីលីភីន
អាដូបូ
 អាដូបូ ( Adobo) គឺជាអាហារដ៏ពេញនិយមរបស់ប្រទេសហ្វីលីភីន ធ្វើពីសាច់ជ្រូក ឬសាច់មាន់ 
ដោយឆ្លងកាត់ការប្រឡាក់ផ្អាប់ ហើយដាក់ទឹកខ្មេះ ទឹកស៊ីអ៊ីវ ខ្ទឹមចិញ្ច្រាំ ស្លឹក layrel ម្រេចដោយ យកទៅចំហុយ ឬបំពង ទទួលទានជាមួយបាយក្តៅៗ។ កាលពីសម័យមុនអាដូបូពេញនិយម សម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ ដោយសារគ្រឿងផ្សំ ការប្រឡាក់ ទើបអាចរក្សាទុកបានយូរ ងាយ ស្រួលយកជាប់ខ្លួនទុកជាស្បៀងនៅពេលធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែបច្ចុប្បន្នគឺជាអាហារដ៏ពេញ 
និយមគ្រប់ពេល គ្រប់ទីកន្លែង។

 ប្រទេសស៊ាំងហ្គាពួរ
ឡាក់សា
 ឡាក់សា (Laksa) គឺជាអាហារដ៏ពេញនិយមរបស់ប្រទេសស៊ាំងហ្គាពួរ ឬសិង្ហបុរី ជាប្រភេទ គុយទាវ ម្យ៉ាងដែលដាក់ខ្ទិះ ទឹកពណ៌ដូចសម្លការី មានរសជាតិខ្ទិះដូង មានបង្គារក្រៀម និងម្ទេស។ ឡាក់សានិយម ប្រើបង្កង ងាវ ហើយមានច្រើនប្រភេទមានទាំងដាក់ខ្ទិះ និងអត់ដាក់ខ្ទិះ។

 ប្រទេសវៀតណាម
ណែម (Nem)
ណែម (Nem)  ជាអាហារដ៏ពេញនិយមរបស់ប្រទេសវៀតណាម ហើយជាអាហារដែលល្បី បំផុតរបស់ប្រទេសនេះក៏អាចនិយាយបាន។ គេយកបន្ទះម្សៅមកមូរខ្ចប់ដោយដាក់ស្នូលសាច់មាន់ សាច់ជ្រូក បង្កង ឬសាច់ប៉ាតេ ជាមួយបន្លែដែលមានគុណប្រយោជន៍ច្រើនប្រភេទដូចជាៈ ជី  
ការ៉ុត សាឡាត់ ស្ពៃក្រញ៉ាញ់ ស្ពៃក្តោប ទទួលទានជាមួយទឹកត្រីផ្អែម ហើយពេលខ្លះអាចមាន 
អន្លក់ផ្សេងៗ ច្រើនជាងនេះទៀត។

 ប្រទេសថៃ
តុមយ៉ាំងបង្កង

តុមយ៉ាំគុង (Tom Yum Goong) ឬតុមយ៉ាំងបង្កង គឺជាអាហារដ៏ពេញនិយមរបស់ប្រទេស
ថៃ រសជាតិជូអែម និងហឹរ។ គ្រឿងផ្សំសំខាន់មានៈ ស្លឹកគ្រៃ ស្លឹកក្រូចសើច ប៉េងប៉ោះ ផ្សិតចំបើង
ជី ទឹកត្រី ក្រូចឆ្មា ស្ករ និងម្ទេស។

យើងទាំងអស់គ្នាគួរតែស្វែងយល់ និងស្គាល់អាហារដែលពេញនិយមរបស់ប្រទេសនីមួយៗ ដែល ជាសមាជិកអាស៊ាន វាគឺជាចំណុចចាប់ផ្តើមនៃការស្វែងយល់អំពីវប្បធម៌របស់ប្រទេសជិតខាង ឱ្យបានកាន់តែច្រើនឡើង ព្រោះនៅពេលដែលបើកជាសហគមអាស៊ាន អាហារទាំងនេះវាជាទូត ខាងវប្បធម៌របស់ប្រទេសនីមួយៗ ។

No comments:

Post a Comment