Friday 13 July 2012

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ

ជារៀងរាល់ឆ្នាំនៅខែកក្តិកព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធពិធីបុណ្យអុំទូក​ បណ្តែត​ប្រទីត និងសំពះព្រះខែ។ ពិធី​នេះត្រូវ​បានគេធ្វើ​ឡើងនៅ​គ្រប់ទីកន្លែងប្រកបដោយបរិយាកាសរីករាយកុះករ ជាទីបំផុត។ ជាងនេះទៀត នៅតាមដងទន្លេសាប ត្រង់ម្តុំ​ទន្លេចតុមុខ ទល់មុខ​ព្រះបរមរាជវាំង ក្នុងរយៈ ពេល​៣ថ្ងៃគឺថ្ងៃ ១៤ កើត ១៥ កើត និងថ្ងៃ​១រោចខែកត្តិក​មានប្រជារាស្រ្តខ្មែរ​ជាច្រើន​បានមក​ចូលរួម​អបអរសាទរ​ ក្នុងពិធីបុណ្យ​អុំទូកនេះ។

១. ពិធីបុណ្យអុំទូក
ការប្រណាំងទូក

នៅថ្ងៃចាប់ផ្តើម( ថ្ងៃ១៤ កើត ខែកត្តិក) គឺមានការប្រណាំងទូក ង និងទូកមួង។ គណៈកម្មាការ​បុណ្យជាតិ​បានរៀបចំ​ទូកជាច្រើនគូ​ដែល​ត្រូវ​ជ្រើសរើស​ ពីវត្តនានា​ក្នុងទូទាំង​ប្រទេស​អោយមកចូល រួម​ប្រណាំង។ របៀបប្រណាំង​ទូកគេប្តូរគ្នាជាគូ ចេញប្រណាំង តៗគ្នា​ជាលំដាប់​លំដោយ​តាមដង​ទន្លេសាប​ចាប់ពីស្ពានជ្រោយ ចង្វារ​ ដល់មុខ​ព្រះបរមរជវាំង។

ការប្រណាំងទូក​គឺត្រូវប្តូរខ្សែ​ទឹកគ្នា​ម្នាក់ម្តង​សារចុះសារ​​ឡើងជាបីជើង​ ក្នុងមួយថ្ងៃ​រហូត គំរប់បីថ្ងៃ​ទើប​ប្រកាស​លទ្ធផល​ផ្តល់រង្វាន់​។ ព្រះមហាក្សត្រ​ក៏ស្តេចយាងចូលរួម ក្នុងពិធីនេះ​ដែរ គឺស្តេចយាង​មកក្នុងពេលថ្ងៃ​ចុងបញ្ចប់នៃពិធី​អុំទូក។

២. ពិធីបណ្តែតប្រទីប

បណ្តែតប្រទីប
​ពេលយប់ មានពិធីបណ្តែតប្រទីតរបស់ក្រសួងស្ថាប័ននានាតាម ដងទន្លេសាប និងអុច​កាំជ្រួចកំដរផង​។ ប្រទីប​ទាំងនោះត្រូវរៀប ចំនៅលើទូក​ឫកប៉ាល់​ធំៗលំអរ​ដោយក្បាច់​រចនា បំពាក់ភ្លើង អគ្គិសនីយ៉ាងភ្លឺចិញ្ជាចចិញ្ចែង និងមានដាក់ឈ្មោះរបស់ក្រសួង ឫស្ថាប័នរៀងៗខ្លួន ហើយ​ការបណ្តែត​ប្រទីប​នេះត្រូវបាន​គេរៀប ចំ​ជារៀងរាល់​យប់រហូត​ដល់ថ្ងៃបញ្ចប់ ​នៃកម្មវិធីបុណ្យ។​ សិល្បៈ គ្រប់ប្រភេទ ត្រូវបាន​គេសម្តែង​ជូនទស្សនា​គ្រប់ទិវា​រាត្រី ដើម្បី​កំដរបរិយាកាសឲ្យរឹង​រិតតែ​អធឹក អាធម សប្បាយរីករាយទ្វេរឡើង។ ពិធីបណ្តែតប្រទីប​នេះប្រជាជនទូទៅ​ច្រើនធ្វើនៅ​ពេលចេញ វស្សា មានធ្វើ​ប្រទីបដើម្បីដាក់សណ្តែក ល្ង ពោត ដូង ត្រាវ។ល។ ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​ងារ​កសិកម្ម របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ និងដើម្បី​រៀបចំ​ដំណើរ​ជូនជីដូនជីតា​ឲ្យត្រឡប់ទៅភូមិស្ថាន​ដើម​របស់គាត់​វិញ ដោយធ្វើទូក ឬប្រទីបតូចៗពីសំបកពីសំបក​ចេកបណ្តែត​ដោយតាំងភ្លើងទៀនលំអរ។





៣. ពិធីសំពះព្រះខែ
នៅវេលាម៉ោង១២យប់​មានរៀបចំ​ធ្វើពិធីអកអំបុក និងសំពះព្រះខែដែលមានរបៀបរៀបចំធ្វើតទៅ៖
- នៅតាមលំនៅឋានរៀងៗខ្លួន មានរៀបចំកន្លែងឲ្យបានសមរម្យ និងមានគ្រឿង​ដង្វាយ​ដូចជា ទៀន ធូប ស្លាធម៌ បាយសី ផ្តិលទឹក អំបុក ចេក ដូង និងផ្លែឈើផ្សេងៗ សំរាប់ដាក់ថ្វាយព្រះខែ និងថ្វាយ គ្រប់អង្គនៃទេវតា។ នៅក្នុងពិធីនេះ គេបានយកទៀនធំៗ (ជាតំណាងឲ្យគ្រប់ខេត្ត-ក្រុង) ដាក់ដោត លើជើងទម្រមួយសម្រាប់បង្វិលផ្សងមើលទឹកភ្លៀង។
៤. ប្រភពនៃព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
៤.១ ព្រះរាជពិធីអុំទូក
តាមសៀវភៅ “ជ័យវរ្ម័នទី៧” របស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត​បានចែងថាៈ នៅសម័យអង្គរ នាសតវត្សទី១២ មាន​សេចក្តី​សុខក្សេមក្សាន្តរុងរឿង​ណាស់ បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧​លោកបាន ចេញ​ធ្វើសង្រ្គាម​តាមជើងទឹក​ ដោយបង្រ្កាប​បានអស់ពួក​សត្រូវទាំងគ្រប់ទិសទី​តាមឯកសារ ​“ល្បែងប្រណាំងទូក” របស់ក្រុមជំនុំទមនៀមទំលាប់ និពន្ធដោយ​លោក ថា ចំប៉ែន ហៅ ប៉ាង ជា អាចារ្យនៅពុទ្ធសាសនបណ្ឌិតរង ខេត្តឃ្លាំង “ កម្ពុជាក្រោម”បានចែងថាៈ នៅសម័យលង្វែក ព្រះបាទអង្គចន្ទទី១ ទ្រង់បានតាំងពញាតាតជាស្តេចត្រាញ់នៅ​កម្ពុជាក្រោមឲ្យ​រៀបចំ​នូវរបៀប ការពារ​ ស្រុកទេស​ឲ្យ​មាន​សេចក្តីសុខសាន្ត។ពេលនោះពញា តាត់បានរៀបចំ​ទាហាន​ជើងទឹក​ជាបីក្រុមគឺ ៖
១) ទ័ពស្រួចដែលបានត្រូវហាត់ច្បាំងលើទូក ដែលមានជំនាញដូចទូកប្រណាំងសព្វថ្ងៃដែរ។
២) ទ័ពជំនួយដែលហាត់ច្បាំងលើទូកដែលមានជំនាញដូចទូកចែវប្រណាំងនាពេលសព្វថ្ងៃដែរ។
៣) ទ័ពបាសាក់ គឺហាត់ចែវទូកធំៗ មានក្តោងសម្រាប់ដឹកស្បៀងផ្គង់ផ្គង់ដល់ពួកទាហានទាំងអស់។
តាមប្រភពឯកសារទាំងពីរខាងលើ អាចឲ្យយើងសន្និដ្ឋានបានថា ព្រះរាជាណាចក្រកាល​​សម័យ បុរាណគឺជា ប្រទេសដែលមានកងទ័ពជើងទឹកដ៏ខ្លាំងពូកែ ដោយមានការហ្វឹកហ្វឺនដ៏​ច្បាស់លាស់ជា រៀងរាល់ឆ្នាំ។ ពិធីសមយុទ្ធនេះ ហើយដែលក្លាយមកជាទម្លាប់នៃព្រះរាជពិធីប្រណាំងទូករហូតដល់ សព្វថ្ងៃនេះ។
៤.២ បណ្តែតប្រទីប
តាមគម្ពីទាឋាវង្ស “ ជាភាសាបាលី” បានចែងថាៈ ព្រះចង្កូមទាំង៤នៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃ យើងបានត្រូវ ប្រតិស្ថាននៅនាទីទាំង៤គឺ៖
១/ នៅត្រៃត្រឹង្សសួគ៌
២/ នៅនាគពិភព
៣/ នៅស្រុកគន្ធារៈ
៤/ នៅទន្តបុរៈកលិង្គរដ្ឋ
តាមភាណវារៈ ត្រង់ពុទ្ធនបសក្កាគាថា បានចែងថាព្រះបាទនៃព្រះសម្មាសម្ពុទ្ធ​ព្រះបរមគ្រូ​នៃយើង បាន​ប្រតិស្ថាន​នៅលើ​ទីស្ថានទាំង៥គឺ ៖
១) នៅសុវណ្ណមាលិកបពិត
២) នៅសុវណ្ណបពិត
៣) នៅសមនកូដបពិត
៤) នៅយោនកបុរី
៥) នៅស្ទឹងនម្មទា
តាមប្រភពនៃឯកសារទាំងពីរខាងលើ អាចឲ្យយើងសន្និដ្ឋានបានថា ពុទ្ធសាសនិកជន​ទាំងអស់បាន ប្រារព្ធ​នូវពិធីបណ្តែត​ប្រទីបនេះឡើង គឺដើម្បីបូជាចំពោះ​ព្រះចង្កួមកែវនៅពិភពនាគ​និងព្រះបាទ​​នៅ ស្ទឹងនម្មទា និងនៅទីឯទៀតៗ ដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើន តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
៤.៣ សំពះព្រះខែ
តាមគម្ពីរបរសត្ថទិបនី អដ្ឋកថាចរិយាបិដកបានចែងថាៈ ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វ នៃយើង​ទ្រង់បានឧប្បត្តិជា សសបណ្ឌិត(ទន្សាយ)។ នៅថ្ងៃពេញបូរមី​ព្រះពោធិសត្វទ្រង់បាន អធិដ្ឋាន​នូវឧបោសថសីលហើយ​ ទ្រង់បានឧទ្ទិសព្រះ មំសៈ(សាច់) របស់​ទ្រង់ជាទានបរមត្ថបារមី​ដើម្បីបំពេញ​នូវព្រះពោធិសត្វ​សម្ភារ ឲ្យបានត្រាសជាព្រះពុទ្ធ។ ពេល​នោះព្រះឥន្ធ ទ្រង់បានជ្រាបនូវ សេចក្តីប្រាថ្នា​របស់ពោធិសត្វទន្សាយ ហើយព្រះអង្គ​ទ្រង់បាន​ក្រឡា ព្រះអង្គជាព្រាហ្មណ៍ ចាស់មក សុំ​ព្រះមំសៈរបស់សសបណ្ឌិតជាអាហារ។​ ព្រះពោធិសត្វបានឲ្យឥន្ធព្រាហ្មណ៍​ដុតបង្កាត់​ភ្លើងដើម្បី​ព្រះពោធិសត្វ​ លោតចូល​​​​ដោយអង្គឯង។ ពេលភ្លើងឆេះហើយ​ព្រះពោធិសត្វទ្រង់ក៏លោតចូលក្នុង ភ្លើង​តាមសន្យា។ ដោយ​អំណាចនៃផលបុណ្យ​ភ្លើងដែល​កំពុងឆេះ​យ៉ាងសន្ធោ​​ សន្ធៅនោះក៏រលត់ ទៅវិញទាំងអស់។ គ្រា​នោះឥន្ធព្រាហ្មណ៍​ក៏ស្ទុះទៅត្រកងបី​យកព្រះពោធិសត្វសសបណ្ឌិត ឡើងទៅ ដល់ឋានព្រះចន្ទ ហើយបាមយកម្នាង​សិលាគួររួបទន្សាយ​ អធិដ្ឋាន​ឲ្យនៅជាប់រហូត​ដល់ទីបំផុត នៃកប្ប។​ដោយយោង​តាមជំនឿនេះ​ហើយ​ ទើបប្រជាពុទ្ធបរិស័ទ តែងតែប្រារព្ធនូវ​ពិធីអក​អំបុក​និងសំពះ​ព្រះខែនៅរៀងរាល់​យប់ពេញបូរមី ខែកត្តឹក ដើម្បីគោរពបូជា​ដល់វិញ្ញាណខ័ន្ធនៃ​ព្រះពោធិ សត្វសសបណ្ឌិត និង​ប្រាថ្នាសុំ​សេចក្តីសុខក្សេមក្សាន្ត​រៀងៗ​ខ្លួនរហូត​មក។
ប្រភពៈ
http://www.phnompenh.gov.kh/kh/photo-phnompenh-kh--15.html
http://vkhmer.info/?page_id=164

 
  
 
 
 


 
 
 

 

 

No comments:

Post a Comment